នាថ្ងៃអង្គារ ១០ រោច ខែមាឃ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅខេត្តស្វាយរៀង,អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. បានរៀបចំទស្សនកិច្ចសិក្សាស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅតាមតំបន់ស្ថិតនៅជាប់ព្រំដែនខេត្តស្វាយរៀង។ ដំណើរទស្សនកិច្ចសិក្សានេះមានការចូលរួមពី ឯកឧត្តមអភិបាលរង លោក លោកស្រីតំណាងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តចំនួន ១៥, ឯកឧត្តម លោក លោកស្រីតំណាងក្រសួងបរិស្ថាន, រដ្ឋាករទឹកស្វយ័តខេត្តស្វាយរៀង និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥។ តាមរបៀបវារៈនៃកម្មវិធីទស្សនកិច្ចសិក្សាថ្ងៃទី២, អ.គ.ហ. បានដឹកនាំគណៈប្រតិភូធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់រោងចក្រ កៃនីង មេថល ប្រូដាក់ (ខេមបូឌា) ឯ.ក (សម្ភារៈផ្ទះបាយ, អំពូលភ្លើងលំអរ និងគ្រឿងសង្ហារិម។ល។) នៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស ព្រមទាំងបានជួបពិភាក្សាជាមួយម្ចាស់តំបន់សេដ្ឋកិច្ចអំពីការគ្រប់គ្រង និងផែនការទាក់ទាញក្រុមហ៊ុនផ្សេងៗ មកវិនិយោគ ក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ព្រមទាំងពិភាក្សាអំពីការគ្រប់គ្រងសង្វាក់ផលិតកម្ម និងកាកសំណល់ចេញពីរោងចក្រ ដើម្បីធានានូវ ការការពារបរិស្ថាន បានត្រឹមត្រូវ។